កំពង់ចាម÷នៅថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលស្រុកស្រីសន្ធរ បានរៀបចំប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២៥ ក្រោមអធិបតីភាពនលោក ឈុន ហុង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីសន្ធរ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក។
លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុក និងលោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងវត្តមានចូលរួមរបស់ព្រះវិសុទ្ធមុនី រស់ លីមខូយ ព្រះអនុគណស្រុក ព្រះចៅអធិការវត្ត និងក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក កងកម្លាំងទាំង៣ ក្រុមប្រឹក្សាឃុំ មន្រ្តីរាជការ លោកតា លោកយាយ ព្រះសង្ឃ ក្រុមបញ្ញវន្ត និងក្រុមយុវជន ស.ស.យ.ក ក្រុមយុវជនបញ្ញវន្តក្មេងវត្ត សមាគមនារីស្រុក ចាស់ព្រឹទ្ធាចារ្យ អាជីវករ សាធារណជន និងសិស្សានុសិស្ស ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ សរុបចំនួន ៣៧០នាក់ ស្រី១៤៤នាក់ ដែលប្រព្រឹត្តទៅនៅស្តុបតម្កល់ឥដ្ឋធាតុ ស្ថិតក្នុងបរិវេណវត្តប្រាសាទវដ្ដី (វត្តត្បូង) ភូមិតាម៉ឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
យោងតាមសំណេរលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចបានបង្ហោះរូបថតអមដោយខ្លឹមសារដូច្នេះថា «ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ សូមចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត»៕
No comments:
Post a Comment