អាជ្ញាធររាជធានីភ្នំពេញ កោះហៅម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ មកប្រជុំផ្សព្វផ្សាយ ដើម្បីឱ្យ ផ្ដល់សេវាកាន់តែល្អ ចៀសវាងកើតឡើងបទល្មើសផ្សេងៗ
ភ្នំពេញ :ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការកោះហៅម្ចាស់ផ្ទះសំណាក់ សណ្ឋាគារនិងម្ចាស់ទីតាំងដែលផ្ដល់សេវាកម្មស្នាក់នៅ នៅក្នុងរាជធានីភ្នំពេញ ទាំងអស់មកចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយមួយនៅសាលារាជធានីភ្នំពេញ ដើម្បីឱ្យការគ្រប់គ្រងការស្នាក់នៅដំណើការទៅដោយរលូន ចៀសវាងកើតឡើងបទល្មើសផ្សេងៗ ទាំងការជួញដូរមនុស្សក៏ដូចជាការជួញដូរគ្រឿងញៀនជាដើម។
កិច្ចប្រជុំផ្សព្វផ្សាយនេះបានធ្វើឡើង នារសៀលថ្ងៃទី១១ ខែខែមករាឆ្នាំ ២០២៣នេះ ក្រោមវត្តមាន ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តម ហួត ហៃ បានមានប្រសាសន៍ថា អាជ្ញាធររាជធានីភ្នំពេញ អញ្ជើញបងប្អូនម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់អូតែល ម្ចាស់ផ្ទះសំណាក់មកប្រជុំសព្វផ្សាយនាពេលនេះ ក្នុងគោលបំណង ឱ្យបងប្អូនជាម្ចាស់អាជីវកម្មទាំងអស់គ្រប់គ្រងការស្នាក់នៅឱ្យបានល្អប្រសើរ ទាំងការផ្ដល់សេវា ហូបចុក បរិស្ថានល្អ ពិសេសគឺការទប់ស្កាត់នូវបទល្មើសនានា ដូចជាបទល្មើសគ្រឿងញៀន ការជួញដូរមនុស្សជាដើម។
ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំនេះក៏បានធ្វើបទបង្ហាញអំពីការផ្ដល់សេវា តាមរយៈច្រកចេញ ចូលតែមួយ ជុំវិញការផ្ដល់អាជ្ញាប័ណ្ណទៅឱ្យបងប្អូនដែលរកស៊ីអាជីអាជីវកម្មដ្ឋាន ខាងផ្នែកទេសចរណ៍នេះដែរ ផ្សព្វផ្សាយឱ្យបងប្អូនចេះ បង្ការទប់ស្កាត់នៅបទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងទីតាំងអាជីវកម្មដ្ឋានរបស់បងប្អូន ពោលគឺការស្នាក់នៅ ដាច់ខាតម្ចាស់អាជីវកម្មដ្ឋានត្រូវតែកូបពីរប៉ាស្ព័រឬអត្តសញ្ញាណប័ណ្ណភ្ញៀវដែលចូលស្នាក់នៅទីតាំងអាជីវកម្មដ្ឋានរបស់បងប្អូន ចៀសវាង មានបទល្មើសកើតឡើង គឺយើងអាចកំណត់មុខសញ្ញាដែលឈានទៅដល់ការស្រាវជ្រាវចាប់ខ្លួនជនបង្កមកដាក់ទោសទាន់ទៅតាមច្បាប់បាន។
ឯកឧត្តម បញ្ជាក់បន្ថែមថា ក្រោយបើកឱ្យមានដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ ក្រោយពីការរីករាលដាលនៃជំងឺកូវីដ-១៩ វិស័យទេសចរណ៍បានកម្រើកឡើងវិញ ដូច្នេះទាមទារឱ្យម្ចាស់អាជីកម្មដ្ឋានទាំងអស់ត្រូវតែត្រៀមខ្លួនត្រៀមលក្ខណៈដើម្បីទទួលភ្ញៀវទេសចរ ដែលមកដើរលេងកម្សាន្តនៅរាជធានីភ្នំពេញ ៕
ដោយ៖ សួស សំរិត សម្រួលផ្សាយដោយ៖ ដារ៉ា
No comments:
Post a Comment