(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងកំពង់ចាម ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចបន្ត សម្រាប់ឆ្នាំ២០២៥ ស្ថិតនៅសាលប្រជុំធំសាលាខេត្ត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ដើម្បីបង្កើន ជំនឿចិត្តពីប្រជាពលរដ្ឋមកលើអាជ្ញាធរមូលដ្ឋាន ការថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងកំពង់ចាម ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចបន្ត ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥ ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងការកោតសរសេីរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ រហូតទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់នាពេលកន្លងមក ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងការកោតសរសើរ ឯកឧត្តមភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងកំពង់ចាម ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តការចុះធ្វើវេទិកាសាធារណៈ នៅតាមបណ្តា សង្កាត់ ទាំង៤ ក្នុងក្រុងកំពង់ចាម ដើម្បី ធ្វើការដោះស្រាយបញ្ហាផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋ ក្រៅពីនោះត្រូវ ពង្រឹងយន្តការច្រកចេញចូលតែមួយ ដើម្បី បម្រើសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អ ប្រសើរឡើងទៀតផង។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងកំពង់ចាម ក៏បានណែនាំឱ្យឈ្វេងយល់អំពីគោលនយោបាយអាទិភាពទាំង ៦ចំណុច និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល នីតិការទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅឆ្ពោះទៅការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ក៏ដូចជាការលើកកម្ពស់គុណភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពប្រសើរឡើង៕
No comments:
Post a Comment