ធ្វើឱ្យផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងនៅអូរស្មាច់រងការខូចខាត
29-07-2025 14:33
(ឧត្តរមានជ័យ)៖ ភ្លើងសង្គ្រាមបង្កឡើងដោយទាហានថៃ មិនត្រឹមធ្វើឱ្យជនស៊ីវិលនៅកម្ពុជាជួបការលំបាកចាកចោលផ្ទះសម្បែង គ្មានទីជម្រកស្នាក់នៅនោះទេ តែក៏បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋជាជនស៊ីវិលនៅជិតសមរភូមិប្រយុទ្ធជាច្រើនខ្នងបានរងការខូចខាតផងដែរ។
សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តបន្ទាយមានជ័យ ជាទីតាំងមួយស្ថិតនៅជិតសមរភូមិប្រយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។ ជាពិសេសក្នុងប្រតិបត្តិការសឹកនៅថ្ងៃទី២៨ ខែកក្កដា កងទ័ពថៃ ក្រៅពីប្រើកាំភ្លើងធុនធ្ងន់បាញ់ផ្លោងពីទឹកដីខ្លួនហើយនោះ ថែមទាំងបានប្រើដ្រូនទម្លាក់គ្រាប់មកលើលំនៅឋានរបស់ប្រជាពលរដ្ឋថែមទៀតផង។
ផ្ទះវីឡាមួយខ្នងរបស់ប្រជាពលរដ្ឋ ដែលម្ចាស់ភៀសខ្លួនចេញពីផ្ទះបាត់នោះ នៅថ្ងៃទី២៨ ខែកក្កដា ត្រូវបានកងទ័ពថៃប្រើដ្រូនមកទម្លាក់គ្រាប់ជាប់ពីលើធ្វើឱ្យខូចខាតយ៉ាងខ្លាំង។ ដំបូល ពិដាន បង្អួច ជញ្ជាំង របង ព្រះភូមិ និងដើមស្វាយក្នុងបរិវេណផ្ទះ ជាដើមបានខូចខាតខ្ទេចខ្ទី។
ក្រៅពីផ្ទះវីឡានេះ មានផ្ទះជាច្រើនខ្នងទៀតរងការខូចតិចតួចដោយសារអំបែងគ្រាប់កាំភ្លើងធំរបស់ទ័ពថៃ ដែលបាញ់ផ្លោងចូលក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ។ នៅរង្វង់ផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង មានផ្ទះមួយខ្នងទៀតជាកន្លែងប្រកបអាជីវកម្មលក់ដូរ ដែលម្ចាស់បិទទ្វារទុកហើយបានភៀសសឹកបាត់នោះ ក៏ត្រូវបានបាញ់ឆេះ បណ្តាលឱ្យទ្រព្យសម្បត្តិនៅខាងក្នុងខូចខាតខ្ទេចខ្ទីផងដែរ៕
No comments:
Post a Comment