រាជធានីភ្នំពេញ ៖ ការដ្ឋានសំណង់មួយបានបុកគ្រឹះ កាយដី និងចាក់ថ្ម ដើម្បីសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈ បណ្ដាលឲ្យរង្គើដល់ផ្ទះច្រើនខ្នងនៅជុំវិញនោះរយៈពេលជាង១ខែមកហើយ មិនខ្វល់ពីផលប៉ះពាល់ដល់អ្នកជិតខាងឡើយ ។ ទីបំផុតដោយធន់និងកម្លាំងរង្គើនោះមិនបាន ក៏បានធ្វើឲ្យផ្ទះថ្ម១ល្វែងកម្ពស់២ជាន់រលើងគ្រឹះបាក់សសរស្រុតចូលទៅក្នុងប្រឡាយទឹករងការបាក់ប្រេះខូចខាតទាំងស្រុង ។
ប៉ុន្តែផ្ទះនេះមិនបានដួលរលំបាក់បែកខ្ទេចខ្ទីជាបំណែកៗតែម្ដងនោះទេ គឺនៅតែឈរដដែល និងបានផ្អៀងមួយចំហៀងទៀតផង ហើយក៏បានបណ្ដាលឲ្យស្ត្រីជាម្ចាស់ផ្ទះម្នាក់ដែលជាជនពិការផងរងរបួស ចំណែកផ្ទះ២ខ្នងទៀតក៏រងការប្រេះស្រាំខូចខាត៥០%ផងដែរ ។ បន្ទាប់ពីឃើញបែបនេះក្រុមអ្នកបុកគ្រឹះខាងលើក៏បានប្រមូលសម្ភារៈដាក់រថយន្តរួចបើកគេចបាត់អស់ នៅសល់តែអេស្កាវ៉ាទ័រ១គ្រឿង ព្យាយាមបើកគេចចេញដែរ ប៉ុន្តែត្រូវបានម្ចាស់ផ្ទះឃាត់ទុកប្រគល់ឲ្យសមត្ថកិច្ចដើម្បីដោះស្រាយគ្នា ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ហើយផ្ទះនោះមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ក្បែរស្ថានីយ៍បូមទឹកបឹងទំពន់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ផ្ទះទី១-ប្រភេទសំណង់ផ្ទះល្វែងទំហំ៤,៣០ម៉ែត្រx១៨ម៉ែត្រស្រុតចូលប្រឡាយទឹករងការខូចខាតទាំងស្រុង ដែលមានម្ចាស់ផ្ទះឈ្មោះ អេង វណ្ណ ភេទស្រី អាយុ៥២ឆ្នាំ មានសមាជិកគ្រួសារចំនួន០៥នាក់ ។
ផ្ទះទី២-ប្រភេទសំណង់ថ្មក្រោមឈេីលេី ទំហំ៧ម៉ែត្រx១៤ម៉ែត្រ ប្រេះស្រាំរងការខូចខាត៥០% ដែលមានម្ចាស់ឈ្មោះ ហេង សម្បត្តិ ភេទប្រុស អាយុ៥២ឆ្នាំ មានសមាជិកគ្រួសារចំនួន០៥នាក់ ។ផ្ទះទី៣-ប្រភេទសំណង់ ថ្មក្រោមឈេីលេី ទំហំ៦ម៉ែត្រx១៤ម៉ែត្រ ប្រេះស្រាំរងការខូចខាត៥០% ដែលមានម្ចាស់ឈ្មោះ អូម សុផាត ភេទប្រុស អាយុ៥៣ឆ្នាំ មានសមាជិកគ្រួសារចំនួន០៤នាក់ ។
ម្ចាស់ផ្ទះទាំង៣ខ្នងខាងលើនោះបាននិយាយថា ការដ្ឋានសំណង់មួយនោះគ្មានស្លាកយីហោអ្វីទាំងអស់ ពុំដឹងថាជារបស់បុគ្គល ឬ ក្រុមហ៊ុនណាមួយនោះទេ គ្រាន់តែដឹងថាសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈ ហើយបានដាក់គ្រឿងចក្រកាយដី ចាក់ថ្ម និងបុកគ្រឹះរយៈពេល១ខែកន្លះមកហើយ ។ នៅពេលបុកម្ដងៗបានធ្វើឲ្យញ័ររញ្ជួយរង្គើផ្ទះទាំងអស់ដែលស្ថិតនៅជុំវិញនោះរកដេកពួនមិនបានទេ ហើយក៏បានធ្វើឲ្យពួកគាត់មានការព្រួយបារម្ភភ័យខ្លាចរាល់ថ្ងៃនិងតែងតែគិតថា នៅថ្ងៃណាមួយនិងបាក់ស្រុតផ្ទះមិនខានទេ ។
ពួកគាត់បាននិយាយបន្តទៀតថា ពួកគាត់ស្គាល់ម្ចាស់ដីហើយបានទៅប្រាប់អំពីបញ្ហានេះដែរ ប៉ុន្តែម្ចាស់ដីបានប្រាប់មកវិញថាគាត់បានជួលដីនេះឲ្យអ្នកផ្សេងហើយ បន្ទាប់មកពួកគាត់បានប្រាប់ក្រុមអ្នកបុកគ្រឹះថា «ពេលបុកគ្រឹះ ធ្វើឲ្យផ្ទះរបស់ពួកខ្ញុំរង្គើដេកអត់បានទេ ថ្ងៃណាមួយនឹងរលំហើយ »។ ពេលនោះក្រុមអ្នកបុកគ្រឹះនោះហាក់មិនបានខ្វល់ខ្វាយពីសុវត្ថីភាពពួកគាត់ឡើយ និងឆ្លើយតបជាមួយពួកគាត់វិញថា «គេជួលខ្ញុំមកធ្វើ ដូច្នេះខ្ញុំធ្វើតាមបញ្ជាគេទេ» ហើយក្ដីព្រួយបារម្ភ និងការនឹកគិតរំពៃរ៍ពីគ្រោះថ្នាក់នោះ ពេលនេះបានក្លាយទៅជាការពិតមែន ។
ដោយឡែកស្ត្រីម្ចាស់ផ្ទះល្វែងដែលបានស្រុតចូលប្រឡាយនោះបានប្រាប់ឲ្យដឹងបន្តថា នៅវេលាព្រឹកថ្ងៃកើតហេតុ ការដ្ឋានសំណង់ខាងលើបានបន្តបុកគ្រឹះដូចរាល់ថ្ងៃទៀត ហើយបានធ្វើឲ្យផ្ទះគាត់រង្គើយ៉ាងនិងញ័ររញ្ជួយយ៉ាងខ្លាំង ។ ខណៈនោះនៅក្នុងផ្ទះមានសមាជិកគ្រួសារចំនួន៥នាក់ដោយអ្នកខ្លះអង្គុយក្នុងផ្ទះ និងខ្លះទៀតកំពុងនៅបន្ទប់ផ្ទះបាយ ស្រាប់តែផ្ទះស្រុតចូលក្នុងប្រឡាយ បណ្ដាលឲ្យរងការខូចខាតទាំងស្រុងហើយពួកគាត់ខ្លះក៏បានធ្លាក់ចូលទៅក្នុងទឹកស្ទើរតែលង់ស្លាប់ថែមទៀតផង ប៉ុន្តែសំណាងហើយដែលផ្ទះមិនបាក់រលំសង្កត់ បណ្ដាលឲ្យពួកគាត់ស្លាប់ ។
គាត់បានបញ្ជាក់ប្រាប់ទៀតថា ពេលឃើញបែបនេះក្រុមអ្នកបុកគ្រឹះខាងលើ ក៏ឈប់បុករួចបានប្រញាប់ប្រញាល់ប្រមូលសម្ភារៈដាក់លើរថយន្ត និងដឹកម៉ាសុីបុកគ្រឹះខ្នាតធំបើកគេចបាត់ស្រមោលអស់ ។ ហើយនៅសល់តែអេស្កាវ៉ាទ័រ១គ្រឿង ព្យាយាមបើកគេចចេញដែរ ប៉ុន្តែត្រូវបានពួកគាត់ឃាត់ទុករួចប្រគល់ឲ្យសមត្ថកិច្ចដើម្បីឲ្យម្ចាស់ការដ្ឋាននិងអ្នកបុកគ្រឹះចេញមកដោះស្រាយគ្នា ។
ក្រោយពេលកើតហេតុអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោបានចុះទៅកាន់ទីនោះភ្លាមៗ ពិនិត្យមើលជាក់ស្ដែងនិងត្រៀមជួយសង្គ្រោះម្ចាស់ផ្ទះ ក្នុងករណីកប់ក្នុងគំនរបាក់បែក ។ ប៉ុន្តែពេលនោះគ្មានអ្នករងគ្រោះធ្ងន់ធ្ងរទេ ដោយសារតែផ្ទះគ្រាន់តែស្រុតអត់រលំ ។មន្ត្រីសាលាខណ្ឌដង្កោបាននិយាយថា ទីតាំងនោះសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈ ប៉ុន្តែមិនទាន់សុំច្បាប់សាងសង់បាននៅឡើយទេ បែរជាម្ចាស់លួចធ្វើការសាងសង់ទាំងគ្មានច្បាប់ ហើយបង្កបញ្ហាបែបនេះទៀត ។
ចំណែកនគរបាលដែលចុះទៅកាន់ទីនោះដែរបានប្រាប់ថា មូលហេតុដែលនាំឲ្យមានការស្រុតផ្ទះខាងលើនោះ គឺដោយសារតែការដ្ឋានសំណង់ស្ថានីយ៍ប្រេងឥន្ធនៈនោះមិនត្រឹមតែបុកគ្រឹះទេ ប៉ុន្តែបានយកគ្រឿងចក្រកាយដីនិងចាក់ថ្ម បណ្តាលឲ្យបាក់ធ្នឹមនិងគ្រឹះសសរផ្ទះនោះទើបស្រុតចូលប្រឡាយតែម្ដង ។ក្រោយពេលកើតហេតុ កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ បានជួយជញ្ជូនសម្ភា: ក្នុងផ្ទះដែលស្រុតចូលប្រឡាយខាងលើ ៕
No comments:
Post a Comment