ភ្នំពេញ៖ទីតាំងល្បែងស៊ីសងរបស់ជនជាតិចិន មួយកន្លែងកំពុងដំណើរការយ៉ាងគគ្រឹកគគ្រេង ស្ថិតនៅតំបន់កោះពេជ្រក្នុងសង្កាត់ទន្លេបាសាក់ ។ អាជ្ញាធរមូលដ្ឋានមិនហ៊ានចុះទៅបង្ក្រាបឬត្រួតពិនិត្យ ឲ្យបានជាក់លាក់នោះឡើយបើទោះបីជាប្រជាពលរដ្ឋ ឬអ្នកកាសែតបានរាយការណ៍អំពីករណីទីតាំងល្បែងស៊ីសងនេះឱ្យអាជ្ញាធរមូលដ្ឋានសង្កាត់-ខណ្ឌបានដឹងក៏ដោយ ។
គេរាយការណ៍បានឲ្យដឹងថា ទីតាំងល្បែងស៊ីសងរបស់ជនជាតិចិនកំពុងតែលួចលាក់បើកល្បែងស៊ីសងនេះ គឺ ចុះពីស្ពានហង្ស បត់ឆ្វេងបន្តិចនៅខាងឆ្វេងដៃ។ ទីតាំងខាងលើស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។ មន្ត្រីអាជ្ញាធរមូលដ្ឋាននៅសង្កាត់ទន្លេ បាសាក់មិនហ៊ាន ជាមួយថៅកែល្បែងទាំងនេះទេ។ នៅខាងក្រៅគេឃើញផ្លាកសរសេរដាក់ថា"ហ័ងស៊ីងហូលីដេ" ដែលគេអាចវាយតម្លៃបានថា វាជាទីតាំងរបស់ថៅកែជនជាតិចិន។
បើទោះបីជាទីតាំងនេះជារបស់ជនជាតិចិនក៏ដោយ ប៉ុន្តែក៏មិនមែនសម្រាប់តែជនជាតិចិន ចូលលេងនោះដែរ។ផ្ទុយទៅវិញ គឺមានបណ្តាប្រជាពលរដ្ឋខ្មែរពពាក់ពពួនចូលលេងជាធម្មតា ដោយមិនមានការព្រួយបារម្ភអ្វីទាំង អស់។ យ៉ាងនេះ ទំនងជាថៅកែជនជាតិចិនបានសម្រប សម្រួលជាមួយអាជ្ញាធរមូលដ្ឋានរួចហើយ អំពីសុវត្ថិភាពសន្តិសុខនៅទីនោះ។ ដូច្នេះមានន័យថា រាល់ការចូលទៅ លេងល្បែង ជាពិសេសហ្គេមបាញ់ត្រីនៅក្នុងហាងហ័ងស៊ីង ហូលីដេគឺមានសុវត្ថិភាព១០០% សម្រាប់អ្នកចូល លេងដោយមិនព្រួយបារម្ភខ្លាចអាជ្ញាធរមានសមត្ថកិច្ចចុះទៅចាប់បង្ក្រាបនោះទេ។
ប្រជាពលរដ្ឋអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានខណ្ឌចំការមនជាពិសេសកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ចុះ ទៅពិនិត្យមើលទីតាំងខាងលើនោះផងពីព្រោះថា វាធ្វើ ឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងជាពិសេសបានធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ប្រជាពលរដ្ឋរំពឹងថា អាជ្ញាធរខណ្ឌ ចំការមនមិនបណ្ដែតបណ្ដោយ ឲ្យបញ្ហានេះនៅបន្តអូសបន្លាយដែលធ្វើឲ្យប្រជាពលរដ្ឋ ព្រួយបារម្ភអំពីបញ្ហាសន្តិសុខបន្តទៀតឡើយ៕
No comments:
Post a Comment