ភ្នំពេញ: ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសកម្ម ដើម្បីបន្តគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច តាមរយៈការបន្តផ្តល់សេវាហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ច។
របាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារ ឆ្នាំ២០២២ និងទស្សនវិស័យឆ្នាំ២០២៣ ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានលើកឡើងថា បទប្បញ្ញត្តិប្រុងប្រយ័ត្ន ដែលត្រូវបានបន្ធូរបន្ថយនៅក្នុងពេលមានវិបត្តិ ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ និងរក្សានិរន្តរភាពឥណទាន ទៅកាន់សេដ្ឋកិច្ច ត្រូវបានពង្រឹងជាលំដាប់មកវិញ ស្របតាមការងើបឡើងនៃសេដ្ឋកិច្ច ដែលជាផ្នែកមួយ នៃគោលនយោបាយចាកចេញពីវិបត្តិ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុ និងបង្កើនទ្រនាប់គោលនយោបាយ សម្រាប់អនុវត្តក្នុងស្ថានភាពចំបាច់។
ប្រភពដដែលបានបន្តថា ឥណទានដែលបានផ្តល់ដល់វិស័យឯកជន បានកើនឡើង ២១% ដើម្បីគាំទ្រដល់ការងើបឡើងក្នុងវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចជាតិ ខណៈដែលកំណើនប្រាក់បញ្ញើអតិថិជនបានកើនឡើង ១១,៣%។
ប្រភពដដែលបានបន្តថា ការតភ្ជាប់ក្នុងតំបន់ត្រូវបានពង្រីកជាលំដាប់ជាមួយប្រទេសក្នុងតំបន់ ដែលសម្រួលដល់អន្តរប្រតិបត្តិការរវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។
បច្ចុប្បន្ននេះ កម្ពុជា មានធនាគារពាណិជ្ជចំនួន ៥៨ ធនាគារឯកទេសចំនួន ៩ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៨៦ ដែលមានការិយាល័យកណ្តាល និងសាខាសរុបចំនួន ២ ៦១៤ ព្រមទាំងម៉ាស៊ីនអេធីអឹមស្វ័យប្រវត្តិចំនួន ៣ ៩៩៨ គ្រឿង នៅទូទាំងប្រទេស៕
No comments:
Post a Comment