កំពង់ចាម÷នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោកលោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងលោក បាន ស្រេង អភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់ បានអញ្ជើញក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលអារក្សត្នោតថ្មី នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រសួងមហាផ្ទៃ ។
ពិធីសម្ពោធអាគារថ្មីនេះ មានការអញ្ជើញចូលរួមពី លោកលោកស្រីអធិការ-អធិការរង រហូតដល់មន្ត្រី លោកនាយ-នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាល ទាំង១២ និង មន្ត្រីរាជការជុំវិញស្រុក លោកមេឃុំ ប្រជាការពារ និងសមាជិកសមាជិកា មួយចំនួនទៀត ផងដែរ ។ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានលើកការកោតសរសើរអំពីការ បំពេញតួនាទី ភារកិច្ច របស់កងកម្លាំងប៉ុស្តិ៍នគរបាល ដោយមានកិច្ចសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន រយៈពេលកន្លងមកនេះ លើកិច្ចការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ ។
លោកឧត្តមសេនីយ៍ស្នងការថ្លែងទៀតថា ទន្ទឹមនឹងការបំពេញតួនាទី ភារកិច្ចនេះ ក៏ត្រូវគិតគូរអំពីការស្នាក់នៅរបស់កងកម្លាំង និងការបំពេញការងារប្រចាំថ្ងៃ ។ ទាំងនេះ ទាមទារឱ្យមាន អាគាររដ្ឋបាល សមរម្យ ដើម្បីសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃ និងពិសេសបានសម្រួលដល់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាន់តែរហ័ស ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
No comments:
Post a Comment